របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិក ទើបនឹងចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣អាក្រក់បំផុត ពុំធ្លាប់មានតាំងពីឆ្នាំ២០១៥មក និងក្រោយពេលដែលកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់កម្រិតទី២ក្រោមការឃ្លាំមើលអស់រយៈពេល៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៩មក។
របាយការណ៍លើកឡើងថា រដ្ឋាភិបាលកម្ពុជាពុំបានគោរពតាមពេញលេញនូវស្តង់ដារអប្បបរមាដើម្បីលុបបំបាត់នូវអំពើជួញដូរមនុស្ស និងពុំបានខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឡើយ។ របាយការណ៍សរសេរថា អំពើពុករលួយជ្រាលជ្រៅក្នុងសង្គមកម្ពុជា នៅតែបន្តរារាំងដល់ការអនុវត្តច្បាប់ជារួម ដើម្បីនាំជនល្មើសនៃអំពើជួញដូរមនុស្សយកមកទទួលខុសត្រូវតាមផ្លូវច្បាប់ និងរារាំងដល់ការផ្តល់សេវាជូនជនរងគ្រោះ។ របាយការណ៍គូសបញ្ជាក់ថា អាជ្ញាធរកម្ពុជាពុំបានបើកការស៊ើបអង្កេត ឬនាំយកមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋផ្អែកតាមសេចក្តីរាយការណ៍គួរឱ្យជឿទុកចិត្តភាគច្រើន ជាពិសេសនៅពេលដែលពាក់ព័ន្ធនឹងក្រុមអាជីវករអសីលធម៌ ដែលបានបង្ខំឱ្យបុរស ស្ត្រី និងកុមាររាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជាធ្លាក់ចូលក្នុងការជួញដូរមនុស្សក្នុងវិស័យសេវាកម្មកំសាន្ត ឡឥដ្ឋ និងប្រតិបត្តិការបែបឆបោកនៅលើប្រព័ន្ធអ៊ីនធឺណិត ជាដើម៕